
វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌
«វេទិកាអង្គរលើកទី១៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអប់រំ និងទេសចរណ៍វប្បធម៌»!
ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦
សមាគមបញ្ញាសិប្បនិម្មិត្ត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃ «វេទិកាអង្គរលើកទី១» (1st Angkor Forum 2026) នាទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ វត្តមាន និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត គឺជាប្រភពកម្លាំងចិត្ត និងជាគ្រឹះយ៉ាងរឹងមាំសម្រាប់ជោគជ័យនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ទន្ទឹមនឹងនេះ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងទេសចរណ៍, ក្រសួងយុត្តិធម៌, រដ្ឋបាលខេត្តសៀមរាប, សមាគម CCVEEA, សាលាអាមេរិកាំងហ្គោលឌិនហ្គេត (GGAS), គ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ មានដូចជា សាកលវិទ្យាល័យ Dalian University of Technology, សាកលវិទ្យាល័យ Zhejiang Shuren University, សាកលវិទ្យាល័យ Sichuan Technology and Business University គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ នៃក្រសួងអប់រំ, សាកលវិទ្យាល័យក្រចេះ, ព្រមទាំងក្រុមហ៊ុន EduConnect និង Turning Point។
«វេទិកាអង្គរលើកទី១» មិនត្រឹមតែជាកិច្ចប្រជុំផ្លាស់ប្តូរទស្សនទានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងការជំរុញការអប់រំវិជ្ជាជីវៈ (TVET) នវានុវត្តន៍ឌីជីថល បច្ចេកវិទ្យា AI និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ប្រកបដោយចីរភាព!

























