
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផេង សុខលាភ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «2026 China-ASEAN Conference on AI + Manufacturing Cooperation» នៅទីក្រុង ក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន
សមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា
ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផេង សុខលាភ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «2026 China-ASEAN Conference on AI + Manufacturing Cooperation» នៅទីក្រុង ក្វាងចូវ ខេត្តក្វាងតុង ប្រទេសចិន
នារសៀលថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ផេង សុខលាភ ប្រធានសមាគមបញ្ញាសិប្បនិម្មិត រ៉ូបូត និងផ្ទេរបច្ចេកវិទ្យាកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «2026 China-ASEAN Conference on AI + Manufacturing Cooperation» ដែលផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ក្នុងការអនុវត្តបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យផលិតកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ផេង សុខលាភ បានចែករំលែកទស្សនៈពីកម្ពុជា អំពី សារៈសំខាន់នៃ AI + Manufacturing ក្នុងការធ្វើទំនើបកម្មវិស័យឧស្សាហកម្ម បង្កើនផលិតភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងលើកឡើងពីតួនាទីសំខាន់នៃការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពក្នុងស្រុក។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការចិន–អាស៊ាន គួរផ្តោតលើ ការចែករំលែកចំណេះដឹង ការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញ និងការអនុវត្តគម្រោងជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មឆ្លាតវៃ និងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

ការចូលរួមរបស់កម្ពុជា ក្នុងសន្និសីទនេះ គឺជាឱកាសសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងរកភាពជាដៃគូថ្មីៗ លើវិស័យ AI ផលិតកម្មឆ្លាតវៃ និងការផ្ទេរបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍកម្ពុជា និងតំបន់អាស៊ាន។












